អ៊ីរ៉ង់ប្រកាសចាប់ខ្លួនអ្នកបាញ់យន្តហោះអ៊ុយក្រែនមកកាត់ទោស
- Lay Heng
- Jan 15, 2020
- 1 min read
បរទេស៖ មនុស្សជាច្រើនត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយសារបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែន ខណៈប្រធានាធិបតី Hassan Rouhani បានព្រមានថាអ្នកដែលទទួលខុសត្រូវនឹងត្រូវទទួលទោស។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។
លោក Gholamhossein Esmaili អ្នកនាំពាក្យតុលាការអ៊ីរ៉ង់ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានផ្លូវការ FARS កាលពីថ្ងៃអង្គារថា
ការស៊ើបអង្កេតលើការធ្លាក់នេះបានចាប់ផ្តើមហើយការចាប់ខ្លួនជាច្រើនត្រូវបានធ្វើឡើង។ លោកមិនបានផ្តល់ព័ត៌មានលម្អិតថាតើមានមនុស្សប៉ុន្មាននាក់ត្រូវបានចាប់ខ្លួនឬតួនាទីរបស់ពួកគេនៅក្នុងឧប្បត្តិហេតុនេះអាចជាអ្វីនោះទេ។
យោងតាមទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់បានអោយដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនគឺអ្នកដែលបានថតវីដេអូនៃមីស៊ីលដែលបានហោះចំយន្ដហោះអ៊ុយក្រែន។ មិនមានការលើកឡើងអំពីឈ្មោះរបស់បុគ្គលនោះឬការចោទប្រកាន់អ្វីទេ។
ថ្លែងនៅក្នុងទីក្រុងតេហេរ៉ង់កាលពីថ្ងៃអង្គារលោក Rouhani បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្ម ចំពោះអ្នកដែលនៅពីក្រោយការបាញ់ទម្លាក់ជើងហោះហើរអន្តរជាតិលេខ ៧៥២ របស់អ៊ុយក្រែន។
លោកបាននិយាយថា តុលាការពិសេសមួយដែលមាន«ចៅក្រមជាន់ខ្ពស់និងអ្នកជំនាញរាប់សិបនាក់» គួរតែត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតករណីនេះ។
Rouhani បាននិយាយថា«នេះមិនមែនជាករណីធម្មតាទេ ហើយពិភពលោកទាំងអស់កំពុងសម្លឹងមើលយើង»។
មេដឹកនាំអ៊ីរ៉ង់រូបនេះបានបន្ថែមថា»ខ្ញុំសូមប្រកាសថា យើងនឹងតាមដានបន្តទៀត ដើម្បីរកឱ្យឃើញនូវរាល់ព្រឹត្តិការណ៍ទាំងអស់ និងផ្តន្ទាទោសអ្នកដែលទទួលខុសត្រូវ»។
បន្ទាប់ពីការបដិសេធរយៈពេល៣ថ្ងៃ អ៊ីរ៉ង់បានសារភាពកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា យោធារបស់ខ្លួន បានបាញ់ទម្លាក់យន្ដហោះអ៊ុយក្រែនដោយអចេតនា។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង១៧៦នាក់ មានពលរដ្ឋអ៊ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់,ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់ និងអង់គ្លេស ០៣នាក់៕
ពត៌មានលំអិត៖ 016 414 818
សូមចុចលីងនេះ សំរាប់ការយល់ដឹងពីការជួញដូរ FOREX






Comments